(តូក្យូ)៖ ជប៉ុនបានប្រកាសពីការរកឃើញករណី១ដំបូង នៃវីរុស COVID-19 បំប្លែងថ្មី Omicron លើអ្នកដំណើរម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសណាមីប៊ី នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។
បើតាមអាជ្ញាធរសុខាភិបាលជប៉ុន អ្នកជំងឺខាងលើ ជាបុរសស្ថិតក្នុងវ័យខ្ទង់ ៣០ឆ្នាំ បានធ្វើតេស្តវិជ្ជមាន COVID-19 នៅពេលមកដល់អាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយរូបគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។
វីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅអាហ្រ្វិកខាងត្បូង ហើយបានរាលដាលដល់ប្រទេសជាបន្តបន្ទាប់ផ្សេងទៀត។ កាលពីថ្ងៃចន្ទម្សិលមិញ ជប៉ុនបានប្រកាសថា ខ្លួននឹងហាមជនបរទេសទាំងអស់ចូលប្រទេស ចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាចំណាត់ការបង្ការប្រឆាំង Omicron។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 បំប្លែងថ្មីនេះ មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំងឺនេះកើនឡើង ហើយបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ Reuters
មតិយោបល់