សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកដែកទីបជ្រុង វាយទៅលើជនរងគ្រោះបណ្តាលឲ្យរយះក្បាល នឹងរយះដៃ ដេរជាច្រើនថ្នេរ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនយកមកសួរនាំ។ ហេតុការណ៍បង្កហិង្សានេះកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ភា លីហេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនឹងដែកទីបជ្រុង)។ នៅថ្ងៃកើតហេតុ ករណី វាយនឹងដែកទីបជ្រុង បង្កឡើងដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដែកទីបជ្រុង ប្រវែងប្រហែល៦០សម វាយទៅលើជនរងគ្រោះឈ្មោះ ភន់ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជុំគ្នា បណ្តាលរងរបួសរយះក្បាល នឹងរយះដៃ ដេរជាច្រើនថ្នេរ។ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះ ភ្លាមកម្លាំងនគរបាលជំនាញបានចុះទៅនាំខ្លួនជនសង្ស័យខាងលើមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយថាខ្លួនពិតជាវាយជនរងគ្រោះខាងលើដោយទីបដែកជ្រុងបណ្តាលឲ្យរយះហូរឈាមដូចពាក្យខាងលើមែន។លោកបន្ថែមថា សូមបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដំបងដែកទីបវាយក្បាលជនរងគ្រោះ តែពុំមានរងរបួស ហើយជនរងគ្រោះក៏ប្តឹងឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំជនសង្ស័យខាងលើផងដែរ។
បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់