ព័ត៌មានជាតិ

នារីវ័យក្មេងស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកបង្កាន់ដៃស្ពានអាកាស៧មករា ហើយព្យាយាមបើករត់ ត្រូវសមត្ថកិច្ចឃាត់ចាប់បាន

ភ្នំពេញ: នារីវ័យក្មេងម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តឡង់គ្រីស័រមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុក និងបង្កាន់ដៃស្ពានអាកាស៧មករា ហើយបានព្យាយាមបន្តបើកគេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា ផ្នែកខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច និងក្នុងល្បឿយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានរេចង្កូតជ្រុលទៅបុក និងបង្កាន់ដៃស្ពានអាកាស៧មករាចំពេញទំហឹង បណ្តាលឲ្យបែកឆ្កួតបន្តិចបន្តួច ចំណែកឯរថយន្តបង្កបានរងការខូចខាត ក្រពឹតកាងផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ភ្លាមៗនោះរថយន្តបង្កក៏បានព្យាយាមបើកគេចខ្លួន ចេញពីកន្លែងកើតហេតុឆ្ពោះទៅតាមផ្លូវខាងក្រោមស្ពាន រហូតទៅដល់ចំណុចស្តុបខាងក្រោមស្ពានអាកាស៧មករា ក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅនោះធ្វើការស្ទាក់ចាប់បានតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ បានចុះមកជួយអន្តរាគមន៍ និងទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យ ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្ត៕

មតិយោបល់