កំពង់ធំៈ ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤និង០៥នាទី លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៦.៩៧ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុករថយន្តចតលើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់០២នាក់ ខូចខាតរថយន្ត០២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 2A.2492 ដឹកប្រេងម៉ាស៊ីន បើកបរដោយឈ្មោះ ឌីម ង៉ៃត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកព្រៃវិហារ ខេត្តកំពង់ស្ពឺ របួសស្រាល មានអ្នករួមដំណើរចំនួន០២នាក់៖ ១- ឈ្មោះ សោម មុំ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអាជីវករ (ប្រពន្ធអ្នកបើកបររថយន្ត) (ស្លាប់នៅកន្លែងកើតហេតុ) ២-ឈ្មោះ សេង ដុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ បងថ្លៃអ្នកបើកបររថយន្ត រស់នៅភូមិ ឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌បៃតង ផ្លាកលេខភ្នំពេញ 3A.5247 (ប្រភេទបែនដឹកដី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនពីកន្លែងកើតហេតុបាត់) ។
មូលហេតុបឋមបង្កឡើងដោយ៖ អ្នកបើកបររថយន្ដម៉ាកហ៊ីណូ ពាក់ផ្លាកលេខភ្នំពេញ 3A3A.5247 (ប្រភេទបែនដឹកដី) ចតលើទ្រូងផ្លូវខ្ជីខ្ជា មិនដាក់ផ្លាកសញ្ញា ។ រីឯអ្នកបើកបររថយន្ដម៉ាកហ៊ិនដាយ ពាក់ផ្លាកលេខព្រះសីហនុ 2A.2492 បើកបរដោយឈ្មោះ ឌីម ង៉ែត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ វាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ។ សាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់