ព័ត៌មានជាតិ

ជិះម៉ូតូពេលរាត្រី សង្ស័យឃាត់ឆែកឆេរ រកឃើញថ្នាំញៀន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀត ដកហូតបានថ្នាំញៀន៣កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចជាប់ខាងមុខសាលាណតប្រ៊ីជ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកខ្អម ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ អ៊ុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើកតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងពួកគាត់បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើផ្សេងៗ លុះដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើរួមទាំងបក្ខពួកម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីឡែត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GP-7377 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ដោយក្នុងលក្ខណ:សង្ស័យកម្លាំងសមត្ថកិច្ចក៏កាត់ឃាត់ខ្លួនដើម្បីធ្វើការឆែកឆេរ តែខណ:ពេលដែលបក្ខពួករបស់ជនសង្ស័យដែលអង្គុយពីក្រោយឃើញលោតចុះរត់គេចខ្លួនបានស្រមោល ហើយសមត្ថកិច្ចក៏បានធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យខាងលើ ស្រាប់តែប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លា៣កញ្ចប់នៅលើខ្លួនជនសង្ស័យខាងលើហើយក៏ធ្វើការឃាត់ខ្លួនភា្លមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួនាំនិងកសាងសំណុំរឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខរង់ចាំបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់