ព័ត៌មានជាតិ

សាកថ្មទូរស័ព្ទផ្ទះគេមិនចូល លេងសុទ្ធតែកាំបិត និងកាំភ្លើងច្នៃ ព្រោះខឹងម្ចាស់ សួរនាំរឿងទាញផ្ដាច់ខ្សែភ្លើង

កណ្ដាលៈ កាលពីវេលាម៉ោង ១៣ និង៣០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីហិង្សា និងធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិគេដោយចេតនា។

ជនរងគ្រោះឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ ចុងភៅ។ ជនសង្ស័យឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារខូចខាត៖
-ធ្លុះពិដានផ្ទះ១កន្លែង
-បែកសសរផ្ទះមួយ។

វត្ថុតាងចាប់យក៖
-កាំភ្លើងច្នៃបាញ់គ្រាប់កង់០១ ប្រវែង៩០សង់ទីម៉ែត្រ
-កាំបិតផ្គាក់ដងឈើ០១
-កាំបិតប៉័ងតោ០១។

ដំណើររឿង៖ មុនកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយដើរមកផ្ទះជនរងគ្រោះ សុំសាកថ្មទូរស័ព្ទ ពេលសាកថ្មទូរស័ព្ទ អត់ចូល ជនសង្ស័យខឹង ក៏បានទាញផ្តាច់ខ្សែភ្លើងចោល។ ពេលនោះជនរងគ្រោះ ក៏បានសួរនាំ ក៏កើតជាទំនាស់ប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យ បានរត់ទៅផ្ទះរបស់ខ្លួន យកកាំបិតប៉័ងតោ គប់ទៅលើជនរងគ្រោះ តែអត់ត្រូវ ហើយទៅយកកាំបិតផ្គាក់មកដេញកាប់ជនរងគ្រោះទៀត តែជនរងគ្រោះ បានរត់ចូលផ្ទះចាក់សោរបន្ទប់ជាប់ ទើបជនសង្ស័យកាប់សសរផ្ទះជនរងគ្រោះ បណ្តាលឲ្យ បែកបាក់ជាច្រើនកន្លែង និង យកកាំភ្លើងច្នៃបាញ់គ្រាប់កង់ បាញ់ចូលផ្ទះជនរងគ្រោះ បណ្តាយឲ្យ ធ្លុះពិដាន១កន្លែង។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យចុះជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់