ព័ត៌មានជាតិ

ឆក់ត្រីមិនប្រយ័ត្ន ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

កណ្តាល: បុរសម្នាក់ដែលគេដឹងថា មានមុខរបរដើររក និងឆក់ត្រី ត្រូវបានប្រទះឃើញដេកស្លាប់ ជាមួយនឹងឧបករណ៍ឆក់ត្រី កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយអុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សពជនរងគ្រោះឈ្មោះ សឿន ជីងឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកត្រី មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជាធម្មតាជនរងគ្រោះ តែងដើរឆក់ត្រីជាប្រចាំ នៅតាមដងអូរប្រឡាយនានា ។ លុះនៅថ្ងៃកើតហេតុឪពុកម្តាយ និងបងប្អូនមិនឃើញត្រឡប់មកផ្ទះវិញ មានការសង្ស័យ ក៏ចែកទិសដៅគ្នាដើររក ស្រាប់តែប្រទះឃើញឈ្មោះ សឿន ជីងឡុង ដេកស្លាប់ដោយភ្ជាប់ជាមួយឧបករណ៍ឆក់ត្រី នៅចំណុចប្រឡាយអុងកូ រួចក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចដឹងឮ ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងជំនាញក្រុមប្រឹក្សាឃុំ មេភូមិ បានចុះពិនិត្យសពឃើញថា មានស្លាកស្នាមជាំស្លោក នៅចំណុចត្រង់បបូរមាត់ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់