ព្រៃវែងៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ខឹងឪពុកម្តាយស្តីបន្ទោស រឿងឲ្យលែងប្រពន្ធ ស្រាប់តែជិះម៉ូតូមកលោតទឹកសម្លាប់ខ្លូន នៅស្ពានអ្នកលឿង បណ្តាលឲ្យបាត់បង់នូវអាយុជីវិត ចោលប្រពន្ធកូន នៅស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ រ៉ន រាជ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករ នៅភ្នំពេញ មានស្រុកកំណើតភូមិព្រៃប្រង់ ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ និងបងបង្កើត ព្រមទាំងសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៣១នាទី ដោយជនរងគ្រោះត្រូវបានឪពុកម្តាយស្តីបន្ទោសថា មិនឲ្យយកប្រពន្ធនិងលែងគ្នាទៅ ពេលនោះជនរងគ្រោះខឹងឪពុកម្តាយ ហើយបាននាំប្រពន្ធបើកម៉ូតូចេញពីផ្ទះនៅឯភូមិព្រៃប្រង់ ឃុំស្ពឺ (ខ) ធ្វើដំណើរមកដល់ស្ពានអ្នកលឿងត្រើយខាងកើត ត្រង់បង្គោលពីរ ហើយបានចុះពីលើម៉ូតូហើយលោតពីលើស្ពានតែម្តង ដោយប្រពន្ធស្ទុះចាប់មិនទាន់ ។
ករណីខាងលើនេះ សមាសភាពក្នុងការពិនិត្យសាកសពរួមមានលោក ឈឹម សុវណ្ណឌឿន អភិបាលរងស្រុកពាមរក៍ លោក គាង ដារ៉ា ប្រធានពេទ្យស្រុកពាមរក៍ លោកអ៊ុ គឹមសាន អធិការរង
លោកលី ចាន់ថា នាយប៉ុស្តិ៍ (ក) លោកសំ សារួន ក្រុមប្រឹក្សាឃុំ(ក) លោកហួន ម៉ៅ អនុប្រធានភូមិព្រែកខ្សាយ ។
ឆ្លងតាមការពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ រឺមានរបួសអ្វីដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះទេ ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យសាកសពនេះ ពិតជាបានលោតពីលើស្ពានអ្នកលឿងសម្លាប់ខ្លួនពិតប្រាកដមែន ។ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់