ព័ត៌មានជាតិ

ផ្អើលឆោទ្បោ! កូនប្រសាលោកមេភូមិទួលខ្ពស់ ជិះម៉ូតូស៊េរីចាស់ គ្មានផ្លាកលេខ ត្រូវប៉ូលិសផាកពិន័យ អត់លុយឲ្យ បង្កាត់ភ្លើងដុតម៉ូតូចោល

ប៉ៃលិនៈ កាលពីវេលាម៉ោង៦ កន្លះព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សមត្ថកិច្ច បានចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី នៅពេលនោះ ស្រាប់តែបុរសម្នាក់ ជិះម៉ូតូចាស់១គ្រឿង មិនពាក់មួកសុវត្ថិភាព គ្មានផ្លាកលេខ និងកញ្ចក់ ត្រូវនគរបាលផាកពិន័យអស់ប្រាក់ជាង១០ម៉ឺនរៀល ។

ដោយសារខឹងសមត្ថកិច្ច ធ្វើការផាកពិន័យ និងគ្មានលុយឲ្យផងនោះ បុរសខាងលើ ក៏ដុតម៉ូតូខ្លួនឯងចោល តែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ។

បុរសខាងលើឈ្មោះ ដូង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំនើតរស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមប្រភពពីលោក ង៉ែត ទូច ជាមេភូមិទួលខ្ពស់ ត្រូវជាឪពុកក្មេកបុរសខាងលើ បានប្រាប់ឲ្យដឹងថា កូនប្រសាគាត់ទើបទិញម៉ូតូស៊េរីចាស់ ឆ្នាំ១៩៩៧មួយគ្រឿង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្នុងតម្លៃ១៣ម៉ឺនរៀល
ហើយមិនទាន់បានឱ្យប្រាក់គេគ្រប់នោះទេ។

ប្រភពដដែល បានបន្ថែមថា នៅព្រឹកកើតហេតុ កូនប្រសាររបស់គាត់ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ រួចធ្វើការផាកពិន័យ ករណីមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានផ្លាកលេខ និងកញ្ចក់។ ដោយសារខឹង និងគ្មានលុយឲ្យផង កូនប្រសាគាត់ បានបង្កាត់ភ្លើងដុតម៉ូតូចោលតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

រហូតមកទល់ពេលនេះ កូនប្រសារគាត់បានរត់គេចខ្លួន ទៅខេត្តផ្សេងបាត់ហើយ មិនទាន់បានចូលខ្លួន មកធ្វើសុំទោសសមត្ថកិច្ច នៅទ្បើយទេ៕

មតិយោបល់