ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឪពុកទៅធ្វើការសំណង់ ទុកកូនចោលបណ្ដាលឲ្យលង់ទឹកស្លាប់ទាំង០៣នាក់ ហេតុការណ៍កុមារលង់ទឹកស្លាប់នេះ កើតឡើងនៅចំណុចការដ្ឋានបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា សពកុមារទាំង០៣រួមមាន៖ ១-សពឈ្មោះ លី បុប្ផា ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ជាកូនរបស់ឈ្មោះ លន់ លី) ។ ២-សពឈ្មោះ គិត ដារ៉ា ភេទប្រុស អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ជាកូនរបស់ឈ្មោះ គិត ផល្លា ហៅ ចេក) ។ ៣-សពឈ្មោះ គិត រ៉ូស្សា ភេទស្រី អាយុ ០៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ជាកូនរបស់ឈ្មោះ គិត ផល្លា ហៅ ចេក) ។
ប្រភពដដែលបានបន្តថា៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ឈ្មោះ លន់ លី បានត្រឡប់មកពីធ្វើការសំណង់មិនឃើញកូនស្រីឈ្មោះ លី បុប្ផា នៅផ្ទះ ក៏បានដើររកនៅក្នុងភូមិក្បែរផ្ទះ រហូតដល់ការដ្ឋានបូមខ្សាច់របស់ឈ្មោះ សុខ ទៀង ភេទ ប្រុស អាយុ៥០ឆ្នាំ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ស្រាប់តែឃើញកូនស្រីឈ្មោះ លី បុប្ផា និង ក្មេងប្រុសម្នាក់ទៀតឈ្មោះ គិត ដារ៉ា (ជាកូនរបស់ឈ្មោះ គិត ផល្លា ហៅ ចេក) លង់ទឹកស្លាប់អណ្តែតក្នុងរណ្តៅបូមខ្សាច់ ក៏ស្រែកឆោឡោឡើង ក្នុងពេលនោះឈ្មោះ គិត ផល្លា ហៅ ចេក ក៏បានរកមើលឃើញកូនស្រីម្នាក់ទៀតឈ្មោះ គិត រ៉ូស្សា បានលង់ទឹកស្លាប់ក្នុងរណ្តៅបូមខ្សាច់ដែរ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។
ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យលើកសាកសព រួចបញ្ជាក់ថាសាកសពទាំង០៣នាក់ឈ្មោះ លី បុប្ផា , ឈ្មោះ គិត ដារ៉ា និង ឈ្មោះ គិត រ៉ូស្សា ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
ចំពោះសាកសពក្មេងទាំង០៣នាក់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
មតិយោបល់