តាកែវៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា ដោយយកកាំបិតកាប់ក្បាលចំនួន០២កាំបិត ទៅលើជនរងគ្រោះ (ដែលជាបងប្រុសបង្កើត) បណ្ដាលឲ្យបែកក្បាលជាច្រើនថ្នេរ ព្រោះខឹងស្តីបន្តោសឲ្យខ្លួនរឿងធ្វើសកម្មភាពបោកឆ្នាំងបាយចោល ហេតុការនេះកើតឡើងនៅត្រង់ចំណុច ភូមិអណ្តែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលស្រុកទ្រាំងបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ តឿ ឆារី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ។ ចំណែកឯជនរងគ្រោះឈ្មោះ តឿ ចិន្តា អាយុ២៦ ឆ្នាំមានមុខរបរកសិករ ។ ទាំង០២នាក់រស់នៅក្នុងភូមិអណ្តែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។
ក្រោយពីមានហេតុការកើតឡើង ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់