ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់

ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ ចំណែកអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកពារាំង នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2020 វេលាម៉ោង 6 និង 20 នាទី ត្រង់ចំណុចមុខក្លោងទ្វារវត្តត្រកៀត ស្ថិតនៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចំណុចចន្លោះគីឡូម៉ែត្រ57-58 លើផ្លូវជាតិលេខ 8។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 2AO.6240 បើកបរដោយឈ្មោះ សយ .សល់ ភេទប្រុស អាយុ 25 ឆ្នាំរស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានបើកបត់ឆ្វេង។ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ1750 បើកបរដោយឈ្មោះ ភី រិទ្ធី ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិ ចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅ កើតក៏ជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះតែម្តង ជនរងគ្រោះមាន(ពាក់មួកសុវត្ថិភាព) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាត រីឯរថយន្ដរងការខូចខាតស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែងនិងត្រួតពិនិត្យកន្លែងកើតហេតុ ។ ចំណែកសាកសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ រីឯវត្ថុតាងទាំងពីរគ្រឿងរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានឃាត់ខ្លួន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង ៕

មតិយោបល់