កណ្តាលៈ នៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថៃ្ងទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីយុវជនម្នាក់ បានប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយកម្ទេចសម្ភារៈទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់ជាច្រើន នៅចំណុចផ្ទះឈ្មោះ ហៀង ស្រីនាង ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហៀង ស្រីនាង ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ត្រូវជាម្តាយ) មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ វណ្ណី ស៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ។
សម្ភារៈខូចខាតរួមមាន៖ កង្ហាចំនួន០២គ្រឿង ទូកញ្ចក់បញ្ឈរ០១ កៅអីជ័រ០២ ឆ្នាំងដាំបាយអគ្គិសនី០១គ្រឿង អង្ករ០១បាវ ។
វត្ថុតាងដកហូតបានរួមមាន៖ ដាវផ្លែដែក០១ដើម មានប្រវែង០,៧២សង់ទីម៉ែត្រ ។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ វណ្ណី ស៊ឺ ជាជនសង្ស័យ (ត្រូវជាកូន) បានជិះម៉ូតូមកពីដើរលេងវិញមកដល់ផ្ទះ ។ ដោយគិតតែពីដើរលេងបាត់ពេញមួយថ្ងៃ មិនជួយធ្វើការងារផ្ទះ ពេលនោះក៏មាន ឈ្មោះ មឿន ត្រូវជាជីដូន និងម្តាយ បាននិយាយអប់រំណែនាំ ស្តីបន្ទោសឲ្យជនសង្ស័យ ក្រោយមកជនសង្ស័យក៏ខឹង រួចបានទាញយកដាវមកកាប់បំផ្លាញសម្ភារៈនៅក្នុងផ្ទះបណ្ដាលឲ្យខូចខាតខ្ទេចខ្ទីអស់តែម្ដង ។
ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះដល់កន្លែងកើតហេតុនិង បានហៅជនសង្ស័យធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដាវ កាប់បំផ្លាញសម្ភារៈខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់