ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន ហ្វាសអ៊ិនវេសមិន ត្រេឌីង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ: នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន) កាលពីឆ្នាំ២០១៩។
ឃាត់ខ្លួន កាលពីវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ហ៊ី បញ្ញា ហៅ តុប អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ្វាសអ៊ិនវេសមិន ត្រេឌីង មានស្រុកកំណើត ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៩៣ ផ្លូវ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ តបតាមពាក្យបណ្តឹង របស់ឈ្មោះ លឹម សំអឿន អាយុ៣៧ឆ្នាំ មានមុខរបរជាមេធាវី តំណាងឲ្យក្រុមហ៊ុន ហ្វាសអ៊ិនវេសមិនត្រេឌីង មានទីលំនៅ អាគារ២២ ផ្លូវ៥៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលបម្រើការងារ ក្នុងក្រុមហ៊ុន វ៉េន ណូវ៉ា ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ (លក់ប្រេងម៉ាស៊ីន)។ ដោយនៅអំឡុងឆ្នាំ២០១៩ ពេលប្រមូលប្រាក់ពីអតិថិជនបាន ខ្លួនពុំបានយកប្រាក់ទៅទូរទាត់ជូនក្រុមហ៊ុនទេ ដោយយកប្រាក់នោះ ទៅចាយវាយផ្ទាល់ខ្លួនសរុបចំនួន ១៣០០០ដុល្លារអាមេរិក (មួយម៉ឺនបីពាន់ដុល្លារ) ហើយខាងក្រុមហ៊ុន បានហៅរូបខ្លួនមកសម្របសម្រួល ដោយរូបខ្លួនសន្យាថា នឹងយកប្រាក់មកទូទាត់សងក្រុមហ៊ុនវិញ ប៉ុន្តែដោយគ្មានការជឿទុកចិត្ត ទើបខាងក្រុមហ៊ុន បាននាំរូបខ្លួនប្រគល់ជូន សមត្ថកិច្ចអាវុធហត្ថ ខណ្ឌចម្ការមនតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់