ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះបិទការដ្ឋានមួយកន្លែង នៅស្រុកសូទ្រនិគម ពីបទល្មើសធនធានរ៉ែ ខុសច្បាប់

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយក្រុមការងារចម្រុះ ចុះបង្ក្រាបការដ្ឋានជីកយកអាចម៌ដីចំនួន ០១កន្លែង គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិសាស្ត្រ ភូមិត្រាវកៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានមានចំណាត់ការមួយចំនួនដូចជា៖
-ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន
-ធ្វើការផាកពិន័យអន្តរការណ៍ យោងតាមច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ មាត្រា ៣៥ថ្មី និងធ្វើកិច្ចសន្យាបញ្ឈប់ការជីកអាចម៌ដី គ្មានលិខិតអនុញ្ញាតបន្តទៀត។

ចាប់ដកហូតគ្រឿងចក្រចំនួន ០៣គ្រឿង រួមមាន៖
– អេស្ការវ៉ាទ័រចំនួន ០១គ្រឿង
– ឡានដឹកដីចំនួន ០១គ្រឿង
– គោយន្ដដឹកដីចំនួន ០១គ្រឿង

ក្នុងករណីម្ចាស់ការដ្ឋានមានបំណងប្រកបអាជីវកម្មជីកអាចម៌ដីលក់ ត្រូវដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតពីរដ្ឋបាលខេត្ត ឬក្រសួងរ៉ែ និងថាមពលជាមុនសិន។

ចំពោះគ្រឿងចក្រ សមត្ថកិច្ចចម្រុះបានប្រគល់ឲ្យជំនាញ ដើម្បីអនុវត្តបន្ត បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់ទទួលឲ្យម្ចាស់ការដ្ឋានរក្សាទុកបណ្តោះអាសន្ន៕

មតិយោបល់