ព័ត៌មានជាតិ

រថយន្តបែនធុនធំ ផ្លាកលេខ ខេមរភូមិន្ទ 023-5687 បុកម៉ូតូកង់បីឥណ្ឌាអូសប្រមាណ១០ម៉ែត្រ បណ្តាលឲ្យស្លាប់បុរសម្នាក់

ភ្នំពេញ: រថយន្តបែនដឹកដីធុនធំ១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបអ៊ីអន២ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ នី ស៊ីណែត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ547c ផ្លូវបេតុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះ បើកម៉ូតូកង់បីឥណ្ឌា១គ្រឿង ម៉ាកKINGDELUXE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-2923 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ។ លុះមកដល់ចំណុចស្តុបកើតហេតុ ជនរងគ្រោះ បានបើកបត់ឆ្វេងឆ្លងផ្លូវឆ្ពោះទៅផ្លូវ១០០៣ ពេលដែលបត់ឆ្លងផ្លួវ បានពាក់កណ្តាល ស្រាប់តែមានរថយន្តបែនដឹកដីធុនធំមួយគ្រឿងទៀត ម៉ាកNISSAN ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 023-5687 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ទិសដៅបញ្រ្ចាគ្នា ក្នុងល្បឿយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌារងគ្រោះគាបអូសប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូកង់បី រងរបួសធ្ងន់ ចំណែកឯម៉ូតូកង់បីឥណ្ឌារងការខូចខាតស្ទើរទាំងស្រុង រីឯរថយន្តបង្កបានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ។

ភ្លាមៗនោះ អ្នកបើករថយន្ត ក៏បានថយរថយន្តទៅក្រោយ បម្រុងបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ នៅក្បែរនោះនាំគ្នា ស្រែកឆោឡោ បង្កឲ្យតៃកុងរថយន្តភ័យ ក៏បើកទ្វាររថយន្តចុះរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់សម្រោល។ បន្ទាប់មកក៏រថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះ ទៅមន្ទីពេទ្យ ប៉ុន្តែជាអកុសល បានដាច់ខ្យល់ស្លាប់ នៅពាក់កណ្តាលផ្លូវ។

មួយសន្ទុះក្រោយមក ក៏មានប្រពន្ធ និងកូនស្រីអាយុ១០ឆ្នាំម្នាក់ រួមជាមួយសាច់ញាតិរបស់ជនរងគ្រោះ៤ទៅ៥នាក់ទៀត បានទៅដល់កន្លែងកើតហេតុ ដោយបានទួញសោកស្រណោះ និងស្រែកយំឱបសពគួរឲ្យសោកសង្រេង។

ក្រោយកើយហេតុ សមត្ថកិច្ច បានចុះវាស់វែង និងធ្វើកំណត់ហេតុរួចប្រគល់សព ឲ្យក្រុមគ្រួសារដឹកទៅផ្ទះ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែកម៉ូតូកង់បីឥណ្ឌា និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់