ព័ត៌មានជាតិ

រថយន្តដឹកមាន់ បុករថយន្តម៉ាកKIA រួចបន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសមនុស្ស ៧ នាក់ នៅខណ្ឌកំបូល

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ ខណៈមនុស្សចំនួន ៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបីគ្រឿង បានបុកគ្នាពេញទំហឹង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកស្លាប់ និងអ្នករបួសទាំងអស់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្ដីអ្នករត់កង់បីម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ កំពង់ចាម 2A-5948 ដឹកគ្រួសារ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ
ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3336 ដឹកមាន់ពេញ ជិះគ្នា៣នាក់ ធ្វើដំណើរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅស្របទិសគ្នា បានបុកចំកែងខាងក្រោយរថយន្ត បណ្ដាលឱ្យរថយន្ដម៉ាកគាវិលមួយជុំត្រឡប់ក្បាល ទៅទិសខាងកើត រងរបួសធ្ងន់ស្រាលអ្នកជិះខាងក្រោយចំនួន ៥នាក់ (ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់) ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿន បានជ្រុលទៅបុក រថយន្តហ៊ីយ៉ាន់ដាយ (ហៅ៥ភ្លៅ)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-5569 ប្រភេទរថយន្តរ៉ឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវផុតពីផ្លូវជាតិ ចំពីក្រោយពេញទំហឹង បណ្ដាលឱ្យគាបតៃកុង និងព្រូចំនួន ៣ នាក់។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ និង រថយន្តសង្គ្រោះ បានជួយគាស់យកជនរងគ្រោះទាំងបីនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ពេលទៅដល់មន្ទីរពេទ្យ ស្រាប់តែបុរសម្នាក់ ដែលជាព្រូបានដាច់ខ្យល់ស្លាប់បាត់ទៅ ដោយសាររបួសធ្ងន់ចំដើមទ្រូង ទើបគេដឹកសពត្រលប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង និងស្ទូចយករថយន្ត ទាំងអស់ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសព បន្ទាប់ពីពិនិត្យ និងធ្វើកំណត់ហេតុរួច បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រព្រៃណី៕

មតិយោបល់