ព័ត៌មានជាតិ

ស្រ្តីវ័យ២៣ឆ្នាំម្នាក់ ស៊ីឈ្នួលជម្រះស្មៅដំឡូង ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នារីម្នាក់ព្រោះតែជីវភាពប្រចាំថ្ងៃ បានទៅស៊ីឈ្នួលដកស្មៅដំឡូងឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង ។

ហេតុការណ៍គ្រោះថ្នាក់ដោយរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងត្បូងភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ហើយនេះគឺជាជនរងគ្រោះទី២ ដែលស្លាប់ដោយសាររន្ទះបាញ់ បន្ទាប់ពីក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ដែលបានស្លាប់ដោយរន្ទះបាញ់ និងយុវតីម្នាក់ទៀតរងរបួស កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅស្រុកស្វាយចេក ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន សុភា ភេទស្រី អាយុ២៣ឆ្នាំ ជាពលរដ្ឋរស់នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺប្រជាពលរដ្ឋក្នុងភូមិដែលទៅស៊ីឈ្នួលជម្រះស្មៅនោះដែរ នៅថ្ងៃកើតហេតុជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននាក់ទៀតក្នុងភូមិ បាននាំគ្នាទៅស៊ីឈ្នួលជម្រះស្មៅដំឡូងមីឲ្យគេនៅ ខាងត្បូងភ្នំចង្រ្កានយក្ស ចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ នៅពេលមេឃរកកលនឹងភ្លៀងគេឃើញ ជនរងគ្រោះបានយកទូរស័ព្ទច្រកថង់មកដាក់ក្នុងថ្នក់សំពត់ខាងមុខសង្ស័យមិនបានបិទទូរស័ព្ទនោះទេ បានមួយសន្ទុះក៏ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗ នៅនឹងកន្លែងជម្រះស្មៅនោះតែម្តង ចំណែកអ្នកជម្រះក្បែរនោះ ប្រមាណជា២០ទៅ៣០នាក់ មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។

ទាក់ទិននឹងករណីរន្ទះបាញ់នេះដែរ អធិការស្រុកថ្មពួក លោកវរសេនីយ៍ឯក សៅ សារឿន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលចេញទៅធ្វើការនៅវាលស្រែឬចម្ការ នៅពេលផ្ទៃមេឃរកកល ជិតភ្លៀង និងមានផ្គររន្ទះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវរកទីកន្លែងមានសុវត្ថិភាព ដើម្បីជ្រកពិសេស មានប្រើប្រាស់ទូរស័ព្ទដៃ គឺត្រូវបិទសិន ខ្លាចក្រែងដូចជាករណីជនរងគ្រោះនេះជាដើម ៕

មតិយោបល់