ព័ត៌មានជាតិ

ម្តាយលេបថ្នាំផ្តាសាយ រួចដេកលក់មួយភាំងស្រ្តាប់តែកូនស្រីអាយុ០១ខួបលង់ទឹកក្នុងធុងស្ពេត្រូស្លាប់បាត់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ទារិកាអាយុ០១ខួបបានបាត់បង់ជីវិតដោយលង់ទឹកខណ:ពេលម្តាយដេកលក់បង្កឲ្យមានការភ្ញាក់ផ្អើល ។ហេតុការណ៍ដ៏គួរឲ្យអាណោចអាធម្មនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ទារិការរងគ្រោះឈ្មោះ វីន ស្រីនុត អាយុ០១ខួប រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែកម្តាយឈ្មោះ ពន ស្រីអូន អាយុ២០ឆ្នាំ ចំណែកឪពុករវល់ទៅធ្វើការ។

លោកអធិការបានបញ្ជាក់ថា ៖ តាមការរៀបរាប់ពីស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខ្លួនបានឲ្យកូនស្រីនោះលេងទឹកដាក់ក្នុងធុងស្ពេត្រូ ចំណែកនាងក្រោយលេបថ្នាំបំបាត់ជំងឺផ្តាសាយ រួចក៏ងងុយដេកហើយបានដេកលក់មួយភាំង នៅពេលនោះមានឈ្មោះ រ៉ន រ៉ែម អាយុ៤២ឆ្នាំ នៅភូមិជាមួយត្រូវជាជីដូន បានត្រឡប់មកពីផ្សារវិញ ក៏ស្រាប់តែឃើញចៅស្រី ក្នុងធុងស្ពេត្រូដែលមានទឹក។

លោកអធិការបានបន្តទៀតថា ៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំងនគរបាលជំនាញ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសហការជាមួយគ្រូពេទ្យ មេភូមិធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យ សពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ហើយគ្រូពេទ្យបានសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានទាក់ទិននឹងករណីមនុស្សឃាតនោះទេ ។ក្រោយពីពិនិត្យរួចបានសពបានប្រគល់ជូនម្តាយឪពុក និងក្រុមគ្រួសារចាត់ចែធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់