ព័ត៌មានជាតិ

វីវ៉ាបុកជាមួយMSX បណ្តាលឲ្យរបួសធ្ងន់ទាំង០២នាក់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ម៉ូតូម៉ាកMSX បានបុកជាមួយម៉ូតូម៉ាកវីវ៉ា បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង០២នាក់របួសធ្ងន់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១២-១៣ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ សែស វិបុល បានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១F ០១៣៧ បើកបរដោយឈ្មោះ ឌឿ សួន ភេទប្រុស អាយុ៦៦ឆ្នាំ មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីកើតទៅលិចទៅដល់ចំណុចកើតហេតុត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ១២-១៣ នៅ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ស្រុកអូរជ្រៅ បានបត់ឆ្វេងចូលផ្លូវលំ ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកហុងដា MSX ពណ៌ក្រហម-ខ្មៅ មានស្លាកលេខ បន្ទាយមានជ័យ ១K ៨០៣៩ បើកបរដោយឈ្មោះ ដុំ ឌី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរពីកើតទៅលិចតាមទិសចរាចរណ៍ ទៅបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់អ្នកបើកបរទាំង០២នាក់ ត្រូវបានត្រូវសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកម៉ូតូវីវ៉ាបត់មិនបានប្រយ័ត្ន អ្នកបើកម៉ូតូMSX មានល្បឿនលឿន ។ក្រោយពីធ្វើការត្រួតពិនិត្យរួចម៉ូតូទាំង០២គ្រឿង នគរបាលយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

 

មតិយោបល់