ព័ត៌មានជាតិ

សង្ស័យកើតរោគប្រច័ណ្ឌ ទើបសម្រេចបញ្ចប់ជីវិតត្រឹមចង.កសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ខណ:ដែលមានជំងឺផ្លូវកាយ ហើយក៏កើតមានជំងឺផ្លូវចិត្តផងដែរ ព្យាយាមប៉ុនប៉ងបញចប់ជីវិតខ្លួនឯង ច្រើនលើក ច្រើនសារមកហើយ តែមិនបានសម្រេច ទើបតែលើកនេះ គ្រាដែលប្រពន្ធមិននៅផ្ទះ ចេញទៅដើរលេងបាត់ កូនៗដេកលក់ មានឱកាសរត់ទៅចងកសម្លាប់ខ្លួន នៅលើដើមស្វាយចន្ទី ក្បែរផ្ទះ ទោះជាកូនៗដឹងភ្លាម ស្រាយទម្លាក់ដឹកយកទៅពេទ្យភ្លែត តែនៅមិនអាចមានជីវិតឡើងវិញដែរ បានត្រឹមដឹកសពវិលទៅផ្ទះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅខាងក្រោយវិទ្យាល័យ ជា សុីម ឈូកវ៉ា ភូមិអណ្តូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សាកសពមានឈ្មោះ ហុង សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ មានជំងឺប្រចាំកាយ មានប្រពន្ធឈ្មោះ ឈាង រ៉ែម អាយុ៤១ឆ្នាំ មុខរបរ លក់ដូ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់ខាងលើ មានស្រុកកំណើត នៅឯខេត្តបាត់ដំបង ។

តាមសម្តីយុវតីឈ្មោះ ហុង ពិសី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូនរបស់សព បានឲ្យដឹងថា ឪពុករបស់ខ្លួន មានជំងឺប្រចាំកាយ ហើយក្នុងរយ:ពេល២ខែមកនេះ ឪពុកកើតមានអារម្មណ៍ប្លែកណាស់ ចេះតែចង់សម្លាប់ខ្លួន ច្រើនលើកច្រើនសារហើយ លេបថ្នាំផង ប្រើប្រាស់កាំបិតចាក់ខ្លួនឯងផង ចងកផង តែមិនបានសម្រេច ស្រាប់តែនៅរសៀលថ្ងៃទី០៨ ខែមិថុនា នេះ ខណ:ដែលកូនៗ ដេកលក់ ស្រាប់តែនៅវេលាម៉ោង៣ រសៀលនេះ ដឹងខ្លួន បាត់ឪពុក នាំគ្នាដើរស្វែងរក លុះដល់វេលាម៉ោង៣និង១៥នាទីរសៀល ទើបប្រទះឃើញឪពុករបស់ខ្លួន ចងក នៅលើដើមស្វាយចន្ទី ដោយយកខ្សែភ្លើងចង ស្រែឆោឡោ ផ្អើលអ្នកភូមិជួយស្រាយទម្លាក់ ដឹកយកទៅមណ្ឌលសុខភាព ក្បែរភូមិ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ទើបដឹកសពវិលត្រឡប់មកផ្ទះវិញ ។

តែបើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយហើយ មានជំងឺផ្លូវចិត្តទៀត ភាគីខាងប្រពន្ធមិនសូវរវល់អើពើ ជួយមើល ខ្លួនជាប្តី រហូតដល់ថ្នាក់ ប្តីកើតរោគប្រច័ណ្ឌ ហើយព្យាយាមសម្លាប់ខ្លួនច្រើនលើកហើយ មិនបានសម្រេច កូនៗ ប្រជាពលរដ្ឋក្បែរខាងជួយ ទើបតែលើកនេះ សម្លាប់ខ្លួនបានសម្រេច ។

ជុំវិញករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅសាកសួរ ពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចសពប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការអាសូរពីអ្នកភូមិ ក៏បានជួយចាត់ចែងដើម្បីធ្វើបុណ្យ ៕

 

មតិយោបល់