ឧត្តរមានជ័យៈ នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តឧត្តរមានជ័យដោយមានការសហការពី មន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅក្នុងផ្សារផ្សារសំរោង ដែលមានទីតាំងនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារ ចំនួន ១៤ គំរូ មានដូចជា៖ ឆៃថាវ ស្ពៃក្ដោប ស្ពៃបូកគោ ត្រសក់ស្រូវ ម្ទេសប្លោក ផ្លែសារី ផ្លែប៉ោម ផ្លែប៉ោមខៀវ ជ្រក់មមាញ ស្ពៃជ្រក់ ជ្រក់ទំពាំង សណ្ដែកបណ្តុះ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ផលិតផល ផ្លែប៉ោម និងផ្លែប៉ោមខៀវ ដែលសង្ស័យថាមានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិត។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ និងទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត ។ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់