ព័ត៌មានជាតិ

តំបន់មួយចំនួនកំពុងរងនូវជំនន់ទឹកភ្លៀង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ៤ថ្ងៃមកហើយ ខេត្តមណ្ឌលគិរីត្រូវសង្កេតឃើញថា ស្ទើរតែគ្មានពន្លឺព្រះអាទិត្យ ព្រោះតែ សម្ពាធអាកាសនៅតែបន្តគ្រប់ដណ្ដប់ដោយផ្ទៃមេឃស្រទុំ និងភ្លៀងពីរលឹមទៅខ្លាំង លក្ខណៈបែបនេះបានធ្វើឲ្យតំបន់មួយចំនួន នៅស្រុកចំនួន៣ គឺស្រុកកោះញែក ស្រុកកែវសីមា និងតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពេជ្រាដា កំពុងរងនូវជំនន់ទឹកភ្លៀង ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ជាដំណឹងបឋមថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងការពារព្រំដែនគោកប្រចាំស្រុកកោះញែក និងស្រុកពេជ្រាដា ជាង៤០នាក់ ត្រូវបានជម្លៀសចេញពីប៉ុស្តិ៍ប្រចាំការ រកកន្លែងសុវត្ថិភាពនៅលើទឹកដីប្រទេសវៀតណាម ជាប៉ុណ្ណោះអាសន្ន ក្រោយទឹក បានជន់លិចប៉ុស្តិ៍ប្រចាំការ ។ លោកថា នៅចំណុចប៉ុស្តិ៍ម្រើច ប៉ុស្តិ៍៣ ប៉ុស្តិ៍៤ និងប៉ុស្តិ៍៥ ដែលស្ថិតនៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លាតសន្ធឹងលើស្រុកកោះញែក និងស្រុកពេជ្រាដា កំពុងរងការប៉ះពាល់ពីទឹកជំនន់តាម អូរព្រំដែន និងទឹកទន្លេស្រែពក ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាមក ។

លោក យូ ចាន់ទី ប្រធានក្រុមព្រឹក្សាស្រុកកោះញែក បានឲ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី០៨ សីហា ភូមិចំនួន៤ ក្នុងឃុំណងឃីលឹក ស្រុកកោះញែក កំពុងរងផលប៉ះពាល់ពីទឹកជំនន់តាំងពីល្ងាចម្សិលមិញ ហើយសាលារៀនកោះម្យើល និងសាលាជ្រៃសែន ត្រូវផ្អាកការសិក្សាមួយពេលសិន ព្រោះទឹកកំពុងជន់លិចមិនថមថយទៅវិញ ។ លោកថា ផ្លូវនិងស្ពាន ឆ្ពោះទៅកាន់ភូមិកោះម្យើលលើ និងភូមិកោះម្យើលក្រោម មានផ្នែកខ្លះកំពុងមានទឹកហូរកាត់មិនអាចធ្វើដំណើរ។
ចំណែកប្រភពនៅស្រុកកែវសីមាវិញ ទីតាំងមួយចំនួនកំពុងលិចលង់ ហើយស្ពានដែកដ៏សំខាន់ឆ្លងកាត់អូរទេរ ប្រវែង៦០ម៉ែត្រតភ្ជាប់រវាងឃុំមេម៉ង់ និងឃុំចុងផ្លាស់ ដែលជាផ្លូវច្រកសេដ្ឋកិច្ចតែមួយគត់សម្រាប់ប្រជាពលរដ្ឋឆ្លងមក ទីប្រជុំជនខេត្តមណ្ឌលគិរី ត្រូវបានទឹកជន់លិចអស់រយៈពេលរាប់សិបម៉ោង ក្រោយមានភ្លៀងមួយមេធំតាំងពីល្ងាចថ្ងៃទី០៦ សីហា ។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តមណ្ឌលគិរីបានឲ្យដឹងថា កម្រិតទឹកនៅជន់លិចលើស្ពានកម្ពស់ ជាងកន្លះម៉ែត្រ តែមិនបង្កឲ្យខូចតួស្ពាននោះទេ ។ លោកប្រធានមន្ទីរបន្តថា ទឹកបានជន់លិចដល់ផ្លូវលំទីប្រជុំជន ឃុំមេម៉ង់ ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលបានដាំដុះនៅជិតមាត់អូរទេរ៕

មតិយោបល់