កណ្តាលៈ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក គុយទាវ បាញ់កាញ់ ស្ករត្នោត គ្រឿងឧបភោគ បរិភោគ និងបានស្វែងរកស្រាចិនសែប៉ូវកំលាំង តាំងកួយ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
* ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-យ៉ាអួរ ១៦ ប្រអប់តូច
-នំស្នូលដូង ៧ កញ្ចប់
-ទឹកម្ទេស ១ ដបធំ
បន្ទាប់មក មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់