ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សពស្ត្រីរងគ្រោះម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ ឡើងហើមស្អុយ អស់រយៈពេល៣ថ្ងៃ ទើបមានការភ្ញាក់ផ្អើលកើតឡើងដល់ប្រជាពលរដ្ឋ សង្ស័យប្តីចុងវាយសម្លាប់ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពមានឈ្មោះ ហេង សុខឃឿន មានអាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងជាស្រ្តីមេម៉ាយមានកូន២នាក់ ដោយកូនស្រីច្បងអាយុ១៨ឆ្នាំ មានប្ដីទៅហើយ រីឯកូនប្រុស ស្នាក់នៅកន្លែងកើតហេតុ ទីលំនៅភូមិជ្រួល ឃុំ បាល័ង្គ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជនរងគ្រោះ ក៏បានយកប្ដីក្រោយដែលមានឈ្មោះពេជ្រ ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ នៅខេត្តស្វាយរៀង ហើយប្តីចុងនេះ ក៏ធ្លាប់ត្រូវបាននគរបាលឃាត់ម្ដងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីវាយធ្វើបាបជនរងគ្រោះ បណ្ដាលឲ្យមានរបួសស្នាមយ៉ាងដំណំ ហើយបានរួចខ្លួនវិញ ពេលនេះសង្ស័យសម្លាប់ប្រពន្ធចោលថែមទៀត ។
កូនជនរងគ្រោះ រៀបរាប់ប្រាប់ឲ្យដឹងថា ម្តាយបានរស់នៅជាមួយប្តីចុងនេះ អស់រយៈពេល៣ឆ្នាំមកហើយ តែងតែមានការឈ្លោះប្រកែកគ្នា ត្រូវប្តីក្រោយ វាយធ្វើបាបរហូត ធ្លាប់ប្ដូរបន្ទប់ជួលពីមួយទៅមួយ មិនដែលស្នាក់នៅកន្លែងណាមួយជាប់កន្លែងនោះទេ ហើយទើបតែផ្លាស់មកជួលបន្ទប់កើតហេតុ បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្រោយមកកូនស្រី អត់ដែលបានជួបមុខម្ដាយទេ ប៉ុន្តែធ្លាប់ជួបឪពុកចុង ហើយនាងបានសួររកម្ដាយនាង ឪពុកចុងនេះបានប្រាប់នាងថា ម្ដាយនាងទៅស្នាក់នៅជាមួយមិត្តភក្ដិធ្វើការងារនៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់ហើយទើបនាងមិនចាប់អារម្មណ៍ ស្មានថាសម្ដីឪពុកចុងជាការពិត លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ទើបដឹងថាម្តាយស្លាប់ ហើយការស្លាប់របស់ស្ត្រីរងគ្រោះខាងលើត្រូវបានគេសង្ស័យ ត្រូវប្ដីចុងវាយសម្លាប់ ចំណែកប្តីចុងនោះបានរត់គេចខ្លួនបាត់ស្រមោល ។
ម្ចាស់ផ្ទះជួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដើរកាត់មុខបន្ទប់លេខ១ ក៏មានធុំក្លិនស្អុយដ៏ចម្លែកដោយមានការសង្ស័យ គាត់ក៏កាត់សោទ្វារចូលមើល ភ្លាមនោះក៏ឃើញជនរងគ្រោះ ដេកស្លាប់ក្នុងសភាពហើមស្អុយបាត់ទៅហើយ ។
ចំណែកអ្នកភូមិបាននិយាយថា កាលពីល្ងាចថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ គេឃើញប្តីចុងជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងឌុបស្រ្តីរងគ្រោះទៅចូលរួមកម្មវិធីខួបកំណើតគេ ហើយរហូតដល់យប់ជ្រៅទើបត្រឡប់មកវិញ។ ក្រោយមកក៏ស្រាប់តែបាត់ស្រ្តីជាប្រពន្ធចេញពីក្នុងផ្ទះរហូតដល់ពេលប្រទះឃើញសាកសព ។ ចំណែកប្ដីក៏បានគេចខ្លួនបាត់ ។
នៅពេលក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានសហការជាមួយនគរបាល ដើម្បីធ្វើកោសល្យវិច័យសាកសព រួចហើយបានប្រគល់សពស្រ្តីរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ឃាតកយកមកផ្តន្ទាទោស ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់