ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង រករឿងឈ្លោះជាមួយប្រពន្ធ ពូខំចូលទៅឃាត់ ត្រូវក្មួយទាញដំបងវាយ បណ្ដាលឲ្យរងរបួស

កំពង់ឆ្នាំង: នាវេលាម៉ោង ២១ និង១៥ នាទីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្រោមផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សា បណ្ដាលឲ្យមានមនុស្សរងរបួស។

ជនសង្ស័យឈ្មោះ ជុក ជីន ភេទប្រុស អាយុ ៣៤ ឆ្នាំ។ ជនរងគ្រោះឈ្មោះ បូ បឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវជាពូ រស់នៅភូមិ-ឃុំ កើតហេតុជាមួយគ្នា។

ដំណើររឿង៖ ជនសង្ស័យបានមកពីធ្វើការសំណង់ នៅចំណុចមេទឹកទំនប់ស្រុក ហើយបានផឹកស៊ីស្រវឹង។ ពេលមកដល់ផ្ទះ បានរករឿងឈ្លោះគ្នាជាមួយប្រពន្ធ ខណ:នោះ ពូជនសង្ស័យ បានដើរចូលមកឃាត់ កុំឲ្យឈ្លោះគ្នាបន្ត ស្រាប់តែជនសង្ស័យ ទាញដំបងឈើជ្រុងមួយកំណាត់ វាយទៅលើពូ បណ្ដាលឲ្យរងរបួសបែកក្បាល ផ្នែកខាងមុខ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យកាលម៉ែត្រ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរំពារ បានចុះដល់ទីតាំងខាងលើ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង ចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់