កណ្តាលៈបុរសជាកម្មកររោងចក្រម្នាក់រងរបួសដាច់ជើងសងខាង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសណ្តោងទ្រុងបែន ដឹកថ្ម បើកបុកម៉ូតូសេ១២៥ ហើយកិនពីលើជនរងគ្រោះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះគ្រាន់តែឲ្យដឹងថាឈ្មោះ ធូ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-1039 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9278 សណ្តោងទ្រុងបែន ដឹកថ្ម បើកពីលិចទៅកើតស្របទិសគ្នា បុកកៀរម៉ូតូជនរងគ្រោះ ដួលខ្ទាតជនរងគ្រោះចូលក្រោមរថយន្តកិនដាច់ជើងសងខាង ហើយរថយន្តមិនបានឈប់ភ្លាមទេ ព្យាយាមបើករត់ បានចំងាយជាង៣០០ម៉ែត្រចូលដល់ទឹកដីខណ្ឌកំបូល ដឹងសភាពមិនស្រួល ឈប់រថយន្ត អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅ រីឯមធ្យោបាយ ទាំង២ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់ឲ្យទៅការិយាល័យចរាចរជើងគោកស្នងការខេត្ត កសាងឯកសារតាមនីតិវិធី ៕
មតិយោបល់