ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូឈប់នៅភ្លើងស្តុប ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ឈប់ម៉ូតូនៅភ្លើងស្តុប ត្រូវរថយន្តមកពីក្រោយបុកនិងកិនបែកក្បាល បណ្ដាលឲ្យស្លាប់មួយរំពេច នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រស់ ភារុណ អាយុ៣៣ឆ្នាំ មុខរបរជាងភ្លើងរថយន្ត នៅស្រុកល្វាឯម ខេត្ដកណ្ដាល ។ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1R-0440 រថយន្តបង្កមិនស្គាល់ម៉ាក ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង មកដល់ចំណុចភ្លើងស្តុប បានឈប់រង់ចាំសញ្ញាភ្លើង ពណ៌ខៀវ ពេលនោះ មានរថយន្តបង្កបានធ្វើដំណើរមកពីក្រោយ បុកនិងកិនចំក្បាលជនរងគ្រោះ បណ្ដាលឲ្យស្លាប់មួយរំពេច ចំណែកម្ចាស់រថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ន ធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់