ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកកៀរម៉ូតូកម្មកររោងចក្រម្នាក់ បណ្តាលឲ្យដួលកិនដាច់ជើងទាំងសងខាង

កណ្តាលៈ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកថ្មមួយគ្រឿង បើកកៀរម៉ូតូកម្មកររោងចក្រម្នាក់ បណ្តាលឲ្យដួលហើយកិនដាច់ជើងទាំងសងខាងរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ធូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1K-1039 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-9278 សណ្តោងទ្រុងដឹកថ្ម ស្របទិសគ្នា កៀរម៉ូតូ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមរថយន្តកិនដាច់ជើងទាំងសងខាង ហើយរថយន្តបង្កព្យាយាមបើករត់ បានចម្ងាយជាង៣០០ម៉ែត្រ ចូលដល់ទឹកដីខណ្ឌកំបូល បានឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅសង្រ្គោះ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត តាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់