ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូវ៉ាជែង ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឡិចស៊ីស របួសធ្ងន់ធ្ងរ ឆ្អឹងក

ភ្នំពេញៈ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ះពាល់ឆ្អឹងក បន្ទាប់ពីជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឡិចស៊ីសច្រាសទិស កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិនថុនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ជឿន សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខ្ចីម៉ូតូអ្នកជិតខាងម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពត 1Q-6113 ជិះធ្វើដំណើរតាមផ្លូវបេតុងខាងលើពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាជែងគេឯងជ្រុលទៅបុកពីមុខរថយន្ត ម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-2598 បើកច្រាសទិស បណ្តាលឲ្យដួលបោករងរបួសធ្ងន់ធ្ងរ ។ ហើយភ្លាមៗ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី យកទៅគ្លីនិកក្បែរនោះ តែខាងគ្លីនិកឃើញជនរងគ្រោះធ្ងន់ពេកមិនហ៊ានទទួល គ្លីនិកទទួលបានតែជនរងគ្រោះណារបួសស្រាលៗទេ ទើបដឹកត្រឡប់ទៅកន្លែងដើមវិញ រួចស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

បើតាមនារីឈ្មោះ សែម ស្រីម៉ៅ អាយុ ២៤ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ក្បែរខាងជាមួយជនរងគ្រោះ ត្រូវជាសាច់ញាតិ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានខ្ចីម៉ូតូ អ្នកក្បែរខាង ជិះចេញទៅ តែមិនប្រាប់ថាទៅណានោះទេ លុះគ្រាដែលវិលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់នេះតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចវាស់វែងរួច យករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់