ព័ត៌មានជាតិ

មានបងប្អូនណាបាត់សាច់ញាតិទេ? បុរស ២នាក់ ជិះម៉ូតូបុកគូទរថយន្ដកុងតឺន័រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរស២នាក់ ជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ទៅបុកពីក្រោយរថយន្ដកុងតឺន័ កំពុងឈប់ចតតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-7979 ធ្វើដំណើរពីលិចទៅកើត បានឈប់ចត ដើម្បីចុះទៅនោម។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាកឌ្រីមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-3028 ធ្វើដំណើរពីលិចទៅកើត ស្របជាមួយរថយន្តខាងលើ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញរថយន្តកុងតឺន័រខាងលើ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ តៃកុងបានឈប់ចតតាមចិញ្ចើមផ្លូវ ដើម្បីចុះទៅនោម។ ភ្លាមៗនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ស៊េរី២០២០ ធ្វើដំណើរពីលិចទៅកើតស្រប ជាមួយគ្នា ជិះមានគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿន បានវាក់អើរថយន្ត ដោយសារមិនឃើញមានដាក់ភ្លើងសញ្ញាសុំចត បានជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្ដពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល ទៅនឹងផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង និងយកម៉ូតូ រួមទាំងរថយន្តទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំង ២នាក់ មិនទាន់អាចកំណត់អត្តសញ្ញាណបានទេ ទើបសមត្ថកិច្ច បានឲ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់