ព្រៃវែងៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រៃវែង ដោយរួមសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផល ទំនិញម្ហូបអាហារ នៅផ្សារក្រុងព្រៃវែង និងផ្សារស្វាយអន្ទរ និងតាមដេប៉ូចែកចាយអំបិល ។
ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានប្រើប្រាស់ម៉ាស៊ីន Iodine Checker ដើម្បីពិនិត្យរកកំរិតជាតិអីយ៉ូដនៅក្នុងអំបិល ០៣ ទីតាំង បានចំនួន ១១ គំរូ និងមន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ ។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភេសជ្ជ: ហួសកាលបរិច្ឆេទចំនួន ១២៤ កំប៉ុង/ដប ស្មើនឹង ៤១ គីឡូក្រាម និងបានរកឃើញអំបិល គ្មានជាតិអីយ៉ូដ ដែលជាផលិតផលអំបិលគ្រួស និងអំបិលម៉ត់ស្ងោរ របស់សមាគមន៏ខ្មែរកំពត-កែប ចំនួនសរុប ៧៩០ បាវ ស្មើនឹង ៤៣,១០១ គីឡូក្រាមផងដែរ។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ភេសជ្ជ:ទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករលក់និងចែកចាយអំបិល ០៣
ទីតាំង អោយកែប្រែបញ្ចូលជាតិអីយ៉ូដក្នុងអបិលទាំងនោះ ទើបមន្ត្រីជំនាញ អនុញ្ញាតិអោយលក់និងចែកចាយលើទីផ្សារបានដោយយោងតាមអនុក្រិត្យលេខ ៦៩ ហើយមន្ត្រីជំនាញក៏បានផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់