ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ករណីហិង្សាដោយចេតនា

បាត់ដំបងៈ នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៤៥នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញ ពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញនៃអធិការ នគរបាលស្រុកសំពៅលូន ដែលមានលោកវរសេនីយឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលស្រុក បានអនុវត្តដីកា បង្គាប់ឱ្យនាំខ្លួនចំនួន០២ដីកា ដោយអនុវត្តលើមនុស្សចំនួនពីរនាក់គឺ៖

១-នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៩ ត.ព្រ អនុវត្តលើឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ២-នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ ត.ព្រ អនុវត្តលើឈ្មោះ ភេម ពុធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ដីកាទាំងពីរខាងលើ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយចៅក្រមស៊ើបសួរ រ៉ែម សុភក្ត នៃសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅភូមិខៅឌីន សង្កាត់ខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។

នៅពេលនេះនគរបាលស្រុកបាន បញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមនីតិវិធី ៕

មតិយោបល់