ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆក់ទូរស័ព្ទដៃ បានសម្រេចតែរត់មិនរួច

ភ្នំពេញ: ជនសង្ស័យម្នាក់ជាសិស្សសាលា ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវជនរងគ្រោះសហការជាមួយអ្នករត់ PassApp ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អ៊ី ប៊ុណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឆក់ទូរសព្ទដៃម៉ាក samsung calaxys9 ពណ៌ខ្មៅ ។
ចំណែកជនរងគ្រោះ ឈ្មោះ ប៊ុន ឡុង អាយុ៤៥ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះ PassApp តាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុច ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ មិនមានផ្លាកលេខ ជិះដោយយុវជនម្នាក់ មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះម៉ាក samsung calaxys9 ពណ៌ខ្មៅ ត្រូវជនរងគ្រោះនិងអ្នករត់ PassApp ចាប់ដៃជាប់ បណ្តាលឲ្យដួលម៉ូតូ ក៏ឃាត់ខ្លួនជនសង្ស័យបាននិងប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់