ព័ត៌មានជាតិ

ព្រោះតែគ្មានលុយទៅលោះយកម៉ូតូដែលបញ្ចាំ មិនហ៊ានចូលផ្ទះដាច់ចិត្តលោតពីលើភ្នំសម្លាប់ខ្លួន

បន្ទាយមានជ័យ: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ព្រោះតែគ្មានលុយទៅលោះយកម៉ូតូដែលខ្លួនបានបញ្ចាំ មិនហ៊ានចូលផ្ទះយុវជនម្នាក់បានដាច់ចិត្ត ធ្វើអត្តឃាតដោយលោតទម្លាក់ពីលើភ្នំដ៏ខ្ពស់ សម្លាប់ខ្លួន ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥៨នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំងភេទប្រុស អាយុ២១ឆ្នាំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖បើតាមការរៀបរាប់បំភ្លឺពីឈ្មោះសឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បូរី បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦យប់ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថាពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំ គេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឲ្យផុតៗ ចង់តែឡើងលើភ្នំឲ្យរន្ទះបាញ់ស្លាប់រួចក៏ដើរទៅបាត់រហូតទៅខ្លួនក៏ចូលដេក ។លុះដល់ម៉ោងប្រហែលមួយរំលងអាធ្រាត្រខ្លួនបានលឺថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោមតែខ្លួនមិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយរហូតដល់ម៉ោង០៥ព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងធំក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំ។

លោកអធិការបានបញ្ជាក់ថា៖ឈ្មោះ រ៉ន ភារ៉ា ហៅបារាំងនេះជាមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារនិងមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ ។ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដាក់បញ្ជាឲ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យ ក្នុងនោះយើងបានបង្កើតគណ:កម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ និង នៅលើភ្នំគឺមានស្នាមរអិលធ្លាក់ថ្មភ្នំធ្លាក់ចុះមកក្រោមនិងមានដាច់កូនឈើលើភ្នំធា្លក់ចុះមកក្រោម។ដូច្នេះលោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នេះ គឺជាករណីធ្វើអត្តឃាតដោយលោតពីទីទួលខ្ពស់ធ្លាក់មកទាបបណ្ដាលឲ្យស្លាប់ ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងអំពើមនុស្សឃាតនោះឡើយ។សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់