ភ្នំពេញៈ កាលពីវេលាម៉ោង១១និង២៦នាទីថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប្រុស-ស្រីពីរនាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់បុរសម្នាក់និងស្ត្រីរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញប្រុស-ស្រី២នាក់ត្រូវជាមិត្តភក្តិនឹងគ្នា ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់សេ១២៥ មានផ្លាកលេខភ្នំពេញ 1BV1370 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចមានល្បឿនយ៉ាងលឿន គោលបំណងទៅជួបសង្សារ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក Fordranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BA9816 ក្នុងទិសដៅបញ្រ្ចាសគ្នា ស្រាប់តែម៉ូតូជ្រុលទៅបុក រថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ ចំណែកស្ត្រីបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថន ពិសី អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ ។ រីឯស្រ្តីបានរងគ្រោះរងរបួសធ្ងន់ ។ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់