ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវនគរបាលខេត្តស្វាយរៀង បញ្ជូនទៅតុលាការ

ស្វាយរៀងៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ភេទប្រុស ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្ថិតក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស៊ន មុន្នី ព្រះរាជអាជ្ញារង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីនៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន០១លើក ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន ម៉ូតូ០១គ្រឿង ក្នុងខណៈពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម ៕

មតិយោបល់