ព័ត៌មានជាតិ

ទុកម៉ូតូចូលហូបបាយ ក្រឡេកមើលម៉ូតូអត់ឃើញ ចោរកាច់កយកទៅបាត់

ភ្នំពេញៈ យុវជនម្នាក់ជាកម្មករសំណង់ បានទុកម៉ូតូក្បែរកន្លែងហូបបាយ
រួចចូលហូបបាយ បានប្រហែលកន្លះម៉ោង ក៏ក្រឡេកមើលម៉ូតូមិនឃើញ ទើបដឹងថាចោរលួចទៅបាត់ រួចប្រញាប់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយវត្តគោកបញ្ជាន់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលចោរកាច់កម៉ូតូ យកទៅនោះឈ្មោះ វ៉ន សាវៀន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកមារាជ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ចំណែកម៉ូតូដែលចោរកាច់ក យកទៅបាត់នោះ ម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១១ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-9237។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូឃ្លាតពីកន្លែងហូបបាយប្រហែល ៣០ទៅ៤០ម៉ែត្រ ដោយចាក់សោកត្រឹមត្រូវ
ហើយខ្លួនដើរទៅហូបបាយ លុះហូបរួចដើរមករកម៉ូតូ ស្រាប់តែមិនឃើញម៉ូតូដែលខ្លួនទុក ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុ នៅម៉ោងប្រហែលជា១រសៀល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីជួយវែកមុខរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://youtu.be/qgludRS13KE

មតិយោបល់