ចុម! មេការសំណង់បុរី​ K N (ខេ អិន) ប្រើប្រាស់អាវុធបាញ់គម្រាមកម្មករ២គ្រាប់រងរបួសជើងសងខាង រួចរត់គេចបាត់

ភ្នំពេញៈ ថ្មីទៀរហើយដែលមេការបុរី ខេ អិន ចិត្តភ្លើង ក្តៅក្រហាយខឹងមេជាងទារលុយ ទាញកាំភ្លើងបាញ់២គ្រាប់ភ្ជុចដី គម្រាម ជាអកុសលខ្ទាតបំណែកត្រូវជើងរងរបួសស្រាល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេ អិន តាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះប៊ុន ច័ន្ទតុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មេជាងនិងកម្មករសំណង់បុរីខាងលើ ផ្នែកខាងប្រព័ន្ធលូ មានទីលំនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។តាមព័ត៌មានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ អុឹង ឆេងវ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមេការ សំណង់បុរី ខេអិន ក្រោយផ្ទុះអាវុធភ្លាម ជិះម៉ូតូគេចខ្លួនទៅបាត់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា សប្តាហ៍នេះ ការងាររបស់ក្រុមគាត់ រៀបចំដាក់ប្រព័ន្ធលូ ត្រូវបើកលុយបាន៥០០ដុល្លា ហើយថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ មេការខាងលើបានហៅគាត់ឲ្យមកបើកលុយ លុះនៅវេលាម៉ោងខាងលើសុំបើកលុយ៥០០ដុល្លា ស្រាប់តែលោកមេការចិត្តភ្លើងហារមាត់ឡើងឲ្យតែ១៥០ដុល្លាទេ ទើបធ្វើឲ្យជនរងគ្រោះតវ៉ា លុយ១៥០ដុល្លា ធ្វើយ៉ាងម៉េចបើកចែកឲ្យក្រុមកម្មករគ្រប់ទៅ ឈានតមាត់គ្នា រហូតដល់ជនដៃដល់ខឹងក្រោធ ទាញដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ភ្ជុចផ្លូវបេតុងបាញ់២គ្រាប់ បណ្តាលឲ្យផ្លាតខ្ទាតបំណែកត្រូវចំជើងជនរងគ្រោះ ហូរឈាមកក្លាក់ទាំងសងខាង ភ័យពេករត់ចេញទៅក្រៅ ជាឱកាសភ្លាមៗ ជនដៃដល់គេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌចុះទៅសាកសួរ ពិនិត្យស្លាកស្នាមបន្សល់ទុក ហើយរកឃើញសំបកគ្រាប់១ ដែលស្គាល់ជាសំបកគ្រាប់កាំភ្លើងlock ចំណែកសំបកគ្រាប់មួយទៀត ជនរងគ្រោះអះអាងថា ជនសង្ស័យរើសយកដាក់ហោប៉ាវមុនគេចខ្លួន ។

បើតាមកម្មករធ្វើការក្នុងបុរីខាងលើ បានឲ្យដឹងថា ពួកគាត់ក៏មិនដឹងជនរងគ្រោះនិងមេការទាស់សម្តីគ្នារឿងលុយកាក់ដែរ គ្រាន់តែឮស្នូរផ្ទុះអាវុធ២គ្រាប់ផ្ទួនៗហើយ ឃើញជនរងគ្រោះរត់គេចចេញ ហើយមេការឡើងជិះម៉ូតូគេចទៅបាត់ ។

ជុំវិញមេការបុរីបាញ់គម្រាមកម្មកររឿងលុយកាក់ គ្រាដែលសមត្ថកិច្ចចុះទៅ កុំថាឡើយជនដៃដល់នៅកន្លែងកើតហេតុទេ គឺ សល់តែក្រុមកម្មករសំណង់ ហើយសមត្ថកិច្ចនាំជនរងគ្រោះទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ៕

 

មតិយោបល់