ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំង នៅក្នុងខេត្តតាកែវ ត្រូវបានមន្រ្តីសាខា ក.ប.ប. រកឃើញមានភាពមិនប្រក្រតី

តាកែវ: យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថាតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធន:តាមស្ថានីយ/ដេប៉ូនៅខេត្តតាកែវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។

*ជាលទ្ធផល បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ យើងបានរកឃើញថា៖
-ស្ថានីយ/ដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ
-ស្ថានីយ/ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ
-ស្ថានីយ/ដេប៉ូ ចំនួន ០២ ទីតាំង ទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

ចំពោះតម្លៃលក់រាយ ស្ថានីយ/ដេប៉ូទាំងអស់ បានអនុវត្តត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ និងកសាងសំណុំរឿងបញ្ចូនស្ថានីយ/ដេប៉ូទាំង ០៥ ខាងលើទៅតុលាការខេត្តតាកែវ ដើម្បីធើ្វការពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា៕

 

មតិយោបល់