ព័ត៌មានជាតិ

សង្សារមួយគូ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មុខសញ្ញាជាជនសង្ស័យ០២នាក់ ជាគូសង្សារនិងគ្នាធ្វើសកម្មភាពលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ សេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចម្រើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទស្រី អាយុ២៥ ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំង០២នាក់នេះជាគូសង្សារនិងគ្នា ហើយជាមុខសញ្ញប្រើប្រាស់សារធាតុញៀនទាំង០២នាក់ ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងទៀតថា ឈ្មោះសេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំនេះ នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ ១S. ៣៦២៨ នៅចំណុចតូបកាត់សក់ខាងលិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណ:ពេលម្ចាស់ទុកម៉ូតូមុខតូបកាត់សក់ រួចដើរចូលទៅកាត់សក់ ។

ក្រោយពីម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសិរីសោភ័ណ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ធ្វើស្រាវជ្រាវ និងមើលតាមកាម៉ារ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឈ្មោះ សេង ឌីណា និងសង្សាររបស់គេឈ្មោះ លៀម ចាន់នី នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ចំណុចផ្លូវលំខេត្តលេខ៦ ផ្ទះសំណាក់យីហោ ជាយក្រុង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ហើយនាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។

វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន០២គ្រឿង ជាម៉ូតូដែលគេលួចបាន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ ១S. ៣៦២៨ ម្ចាស់ឈ្មោះ សរ ប៊ុន ខឹម ភេទប្រុសអាយុ៧៨ឆ្នាំ នៅភូមិពញរៃឫស្សី ​សង្កាត់ព្រះពន្លានិង០១គ្រឿងទៀតម៉ាក ហុងដាឌ្រី ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ ១E.៤៦៩៨ មានម្ចាស់ឈ្មោះ សារឿង សុធី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ នៅមុខតូបកាត់សក់ខាងលិចវត្តព្រះពន្លានោះមែន និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រី ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ ១E.៤៦៩៨ លួចនៅចំណុចផ្លូវលេខ១កន្លះ ខាងក្រោយហាងស៊ុបកូរ៉េ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣៥នាទីថ្ងៃ ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

មតិយោបល់