ភ្នំពេញៈ រថយន្ដឡិចស៊ីសES300មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ខ្ទាតចេញពីគ្នាហើយរថយន្ដបង្កបានខ្ទាតទៅប៉ះជាមួយរថយន្ដតាក់ស៊ី១គ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នារងការខូចខាតកញ្ចក់បន្តិបន្ទួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាស្ថាន វ៉ាន់ ដា តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ដបង្កម៉ាកឡិចស៊ីសES300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Z-2989 ខូចខាតដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរូច។ ចំណែករថយន្ដ១គ្រឿងទៀតជារថយន្ដតាក់ស៊ី របស់ក្រុមហ៊ុនPNP ខូចខាតដាច់កញ្ចក់ខាងឆ្វេង និងកំពិតបន្តិចបន្ទួច។
ប្រភពព័ត៌មានដដែលពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មចំនួន២កង់ខ្ទាតចេញពីគ្នា ហើយរថយន្ដខូចខាតដាច់កាឡេកង់ និងខ្ទាតទៅប៉ះរថយន្ដតាក់ស៊ី១គ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលខូចខាតដាច់កញ្ចក់និងកំពិតបន្តិបន្ទួច។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ខណ្ឌឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។ បន្ទាប់ពីកម្លាំងជំនាញចរាចរណ៍ខណ្ឌចុះមកពិនិត្យកន្លែងកើតហេតុរួច ដោយមើលឃើញមានកាប៉ះពាល់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលជាសម្បត្តិរបស់សាលារាជធានីភ្នំពេញ ទើបទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែករថយន្ដតាក់ស៊ីខាងម្ចាស់រថយន្ដព្រមយករថយន្ដទៅជួសជុលឲ្យស្អាតដូចដើមវិញ៕
មតិយោបល់