បាត់ដំបងៈ នៅវេលាម៉ោង០៧និង៣៥នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ បានគាបជាប់បុរសម្នាក់ នៅក្នុងកាប៊ីនរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅផ្លូវជាតិលេខ៥ ស្ថិតនៅត្រង់ចំណុចក្រុមទី៤៩ ក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ មានរថយន្តដឹកគ្រឿងសង្ហារិមមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2Q4594 បើកបរដោយជនរងគ្រោះឈ្មោះ ហេង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភ្នំពេញ បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរដាច់ខ្យល់ស្លាប់, មានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានរងរបួសស្រាល ។ ភ្លាមៗនោះ ជនរគ្រោះត្រូវបានអ្នកដែលរស់នៅក្បែរនោះ ជួយយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក តាកូម៉ា មានទិសដៅ ពីជើងទៅត្បូង បានដឹកគ្រឿងឈើ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបា នបែកកង់ម្ខាងផ្នែកខាងមុខបណ្តាលឲ្យរថយន្តរេចង្កូត ធ្លាក់ចូលប្រឡាយក្រឡាប់ខូចខាតយ៉ាងដំណំ អ្នកបើកបរបានគាបជាប់នៅក្នុងកាប៊ីនស្ទើរដាច់ខ្យល់ស្លាប់ បានអ្នករស់នៅក្បែរនោះ ជួយគាស់ទ្វាររថយន្តទាញយកមនុស្សចេញដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំម្ចាស់ទទួលយកទៅវិញ ៕
មតិយោបល់