ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកបររេចង្កូតប៉ះបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ស្រាល០៨នាក់

ព្រះសីហនុៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី លើផ្លូវមហាវិថីរាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កឡើងដោយខ្លួនឯង បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ស្រាលមនុស្ស ចំនួន០៨នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ដ០១គ្រឿងម៉ាក TOYOTA TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AY-៤៣៨៤ ដែលមានទិសដៅពីរង្វង់មូលព្រះសិរវៈ ធ្វើដំណើរឆ្ពោះទៅរង្វង់មូលព្រះថោង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្ដនោះបានរេចង្កូតជ្រុលទៅខាងឆ្វេងដៃទៅប៉ះនឹងបង្គោលភ្លើង ចំនួន០១ដើម ក៏បណ្ដាលអោយក្រឡាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយមនុស្សប្រុសចំនួន០៨នាក់បានរងរបួស ។ ក្នុងនោះរងរបួសធ្ងន់ចំនួន០៥នាក់ និងរងរបួសស្រាលចំនួន០៣នាក់ ។

ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ រីឯវត្ថុតាងបានយកមករក្សាទុក ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់