ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បុកពីក្រោយរថយន្តព្រូស រងការខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ១គ្រឿង បានបើកជ្រុលទៅបុកគូទរថយន្ត ម៉ាកតូយ៉ូតាព្រូស១គ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8650 រងការខូចខាតមុខ និងកង់ខាងស្ដាំ ចំណែករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1093 រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង ដោយទ្បែកអ្នកបើកបររថយន្តទាំង ២គ្រឿង មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុរថយន្តទាំង២គ្រឿង បានធ្វើដំណើរពីត្បូងទៅជើង ស្របទិសគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងថា អ្នកបើកបររថយន្តហាយឡែនឌ័រ មានបញ្ហាអ្វីទេ ស្រាប់តែជ្រុលបើករថយន្តទៅបុកពីក្រោយរថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យខូចខាតទាំងសងខាងតែម្ដង។

ក្រោយកើតហេតុភាគីទាំង២ បានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់