ព័ត៌មានជាតិ

ខ្លួនជាស្រីហើយនៅក្មេងទៀត ហេតុអ្វីប្រើល្បិចបែបនេះដើម្បីផលប្រយោជន៍

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី នៅចំណុច ភុមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះ ០១នាក់ឈ្មោះ ឃុន លឹមឃាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី(ឥណ្ឌា) មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ០១នាក់ឈ្មោះ ហេង សម្ផស្ស ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដប់គរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ឃាត់ខ្លួន) ។ សម្ភារ:បាត់បង់ ៖
ទូរសព្ទ័ដៃ០១គ្រឿង ម៉ាក OPPO A71 ពណ៌ស ។
សភាពរឿងហេតុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង១០នាទី ជនសង្ស័យបានជួលម៉ូតូកង់បីឥណ្ឌាជនរងគ្រោះ ពីឃុំត្រើយស្លា ទៅផ្សារច្បារអំពៅ ទាំងទៅទាំងមកក្នុងតម្លៃ ៦០០០០៛ (ប្រាំមួយម៉ឺនរៀល) ពេលជិះម៉ូតូកង់បីឥណ្ឌាដល់ផ្សារច្បារអំពៅ នៅវេលាម៉ោងប្រហែលប្រាំបួនព្រឹក ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បីឥណ្ឌាឲ្យស្រួល ហើយចាំខ្លួនត្រឡប់ចេញពីផ្សារវិញ បន្ទាប់មកជនសង្ស័យក៏បានដើរចូលផ្សារ បានមួយភ្លែតក៏បានចេញមកវិញហើយនិយាយប្រាប់ជនរងគ្រោះថា គាត់ភ្លេចបុងអីវ៉ាន់នៅផ្ទះ សុំខ្ចីទូរសព្ទ័មួយភ្លែតដើម្បីអេតព្រេនទៅប្តីរបស់គាត់តាមរយ:ហ្វេសប៊ុក ដើម្បីឲ្យប្ដីផ្ញើរបុងអីវ៉ាន់ក្នុងឆាត តាមទូរសព្ទ័នឹង ហើយថែមទាំងខ្ចីលុយចំនួន៣០០០០៛(បីម៉ឺនរៀល) ថែមទៀតថាខ្វះលុយឲ្យថ្លៃឥវ៉ាន់គេ ចាំដល់ផ្ទះចាំយកលុយសរុបទៅ ទាំងឈ្នួលម៉ូតូកង់បីឥណ្ឌា និងចំនួនលុយខ្ចី ជនរងគ្រោះក៏បានឲ្យលុយ៣០០០០៛(បីម៉ឺនរៀល) បន្ថែមទៀត រួចហើយជនសង្ស័យក៏បានដើរចូលផ្សារបាត់ទៅមិនឃើញមកវិញទេ។
លុះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទីព្រឹក ជនរងគ្រោះក៏បានឃើញជនសង្ស័យជិះម៉ូតូកង់បីឥណ្ឌា នៅឃុំត្រើយស្លា ក៏បានឃាត់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលតែម្តង។
នៅចំពោះសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានខ្ចីទូរស័ព្ទដៃ ម៉ាក OPPO A71 ពណ៌ស និងបានខ្ចីលុយចំនួន៣០០០០៛(បីម៉ឺនរៀល)ពីជនរងគ្រោះពិតប្រាកដមែន ។
កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពបែបនេះជាញឹកញាប់មកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំនុំរឿងចាត់ការតាមនតិវិធី៕

 

មតិយោបល់