ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានករណីបុរសម្នាក់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងជោកបានចូលដេករោងក្នុងការដ្ឋានសំណង់លុះភ្ញាក់ឡើងប្រើប្រពន្ធឲ្យដងទឹកឲ្យផឹក តែប្រពន្ធមិនទៅក៏កើតចិត្តខឹងធាក់មួយជើង បណ្តាលឲ្យប្រពន្ធដួលប្រកាច់ភ្លាមនោះ ក៏នាំយកទៅមន្ទីរពេទ្យ តែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ សុខ ឃុន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកសំណង់ ។ ចំណែកឯប្តីមានឈ្មោះ ឆែម ងិហ៍ អាយុជាង៣០ឆ្នាំ មុខរបរកម្មកសំណង់ដូចគ្នា មានស្រុកកំណើតនៅភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោសាត់ដូចគ្នា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្ដីបានទៅផឹកស្រាជាមួយមិត្តភក្កិនៅខាងក្រៅលុះត្រឡប់មកវិញបានចូលដេកនៅក្នុងខ្ទមសំណង់របស់ខ្លួន លុះពេលងើបឡើងមកវិញក៏បានប្រើប្រពន្ធរបស់ខ្លួនឲ្យទៅដងទឹកឲ្យផឹកតែប្រពន្ធមិនទាន់បានទៅក៏មានចិត្តខឹងធាក់ប្រពន្ធមួយជើងចំគូទដួលបូករួមជាមួយប្រពន្ធមានជំងឺប្រចាំកាយផងក៏ប្រកាច់សន្លប់ស្ដូកស្ដឹងភ្លាមនោះបុរសជាប្តីបានលើកប្រពន្ធដាក់លើភ្លៅរឹតទ្រូងនិងបានស្រែកហៅឲ្យប្រជាពលរដ្ឋជួយដឹកយកប្រពន្ធរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ តែជាអកុសលក្រោយពីដឹកទៅដល់មន្ទីរពេទ្យ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏បានបញ្ជូនមកកាន់ទីកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ឃាត់ខ្លួនបុរសជាប្តីយកទៅកាន់ទីបញ្ជាកការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ។ ឯសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅខាងសមត្ថកិច្ចកោសល្យវិច្ច័យ ដើម្បីចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះ ។ ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។ ដោយឡែកបុរសជាប្តី ក្រោយពីកម្លាំងជំនាញអាវុធហត្ថខណ្ឌធ្វើការសាកសួរួច ក៏បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត ៕
មតិយោបល់