ព័ត៌មានជាតិ

Update៖ សពបុរសម្នាក់ អណ្តែកទឹកព្រឹកមិញ ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក នៅវត្តទួលអស់លោក

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ដោយគេប្រទះឃើញអណ្តែតទឹកទន្លេសាប និងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងទឹកទន្លេសាបត្រើយខាងលិច មុខអគាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ អាយុប្រហែល៥០ឆ្នាំ សក់ខ្មៅ លាយស្កូវ ពុកចង្កាស្កូវ ពាក់អាវយឺត កបើក ដៃវែង ឆ្នូតបង្កង់ ស្លៀកខោជើងវែង ពណ៌ខ្មៅ និងស្លៀកខោក្នុង កៅស៊ូជើងខ្លី ក្រឡាការ៉ូ (សខ្មៅ) ។

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានចុះដល់និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច្ច័យពិនិត្យកន្លែងកើតហេតុនិងសព ។

ឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យធ្វើកោសល្យវិច្ច័យរាជធានីភ្នំពេញនិងការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សពស្លាប់ដោយសារលង់ទឹក ។

ក្រោយពេលពិនិត្យរួច ជំនាញបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់ឲ្យមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្រះចក យកទៅតម្កល់ទុកនៅវត្តទួលសត្តវ័ត្ថ ហៅវត្តទួលអស់លោក ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់