ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូមួយគ្រឿងបើកវ៉ាជែង មិនប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកនិងកិនដាច់សាកសពជាបំណែកៗ

ត្បូងឃ្មុំៈ នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿងមានគ្នា៣នាក់ បើកវ៉ាជែងរថយន្តធុនតូចមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ បណ្តាលឲ្យកិនស្លាប់បែកបំណែកសាកសព ប្រុស-ស្រីចំនួន៣នាក់ នៅកន្លែងកើតហតុ បង្កការភ្ញាក់ផ្អើល លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ ជនរងគ្រោះ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរី២០១៨ ពាក់ផ្លាកលេខត្បូងឃ្មុំ 1F-5029 អ្នកបើកបរឈ្មោះ អោក សៅ ហៅម៉ាប់ អាយុ៣៣ឆ្នាំ និងមានស្រ្តី២នាក់រួមដំណើរជាមួយ១-ឈ្មោះ សន សុខខឿន អាយុ៣៤ឆ្នាំត្រូវជាប្រពន្ធ និងម្នាក់ទៀតឈ្មោះ ស៊ិន សុខខេន អាយុ២៧ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិខ្នប់ដំដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាងរថយន្ត ពាក់ផ្លាកលេខ រតនគិរី 3A-0077 ម៉ាក ហ៊ីយ៉ាន់ដាយ មានទិសដៅបញ្ច្រាសគ្នា ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ វេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ គេឃើញរថយន្តបែនដឹកខ្សាច់ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកចេញពីក្រោមស្ពានគីហ្ស៊ូណា បើកឆ្ពោះទៅឡើងផ្លូវជាតិលេខ៧ លុះបើកមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿងមានគ្នា៣នាក់ បានបើកវ៉ាជែងរថយន្តធុនតូចមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តបែនដឹកខ្សាច់មួយគ្រឿងទៀតពេញទំហឹង បណ្តាលភាគីខាងម៉ូតូដួលត្រូវរថយន្តកិនស្លាប់ទាំង៣នាក់ ចំណែកស្រ្តី២នាក់ បានបែកសាកសពជាបំណែកៗ ចេញពីដងខ្លួន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ រួចធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់។ រីឯសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់