ព័ត៌មានជាតិ

ឯកឧត្តម វ៉ាត់ ចំរើន ៖ រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៤​មាន​គោលបំណង​សំខាន់ ៣ ក៏​ដូច​ជួយ​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា​

​ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទី​ស្នាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា​នេះ​ឲ្យដឹងថា គោលបំណង​សំខាន់​៣ របស់​ព្រឹត្តិការណ៍​រត់ប្រណាំង​ឆ្នាំនេះ​គឺៈ ១.​រត់​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី ព្រះ​នរោត្តម មុនីនាថ សីហនុ ព្រះរាជ​មាតា​ជាតិខ្មែរ​, ២. អបអរសាទរ​ខួប​លើក​ទី​១២០ ថ្ងៃកំណើត​ចលនា​អូឡាំពិក​ទំនើប​, ៣. ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​មកទល់​នឹង​ថ្ងៃ​នេះ អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់ប្រណាំង​មាន​ចំនួន ២៩០០​នាក់ ក្នុងនោះ​បរទេស​មាន​ប្រមាណ​ជាង ១០០​នាក់ មកពី ១៥​ប្រទេស ដែល​នេះ​ជា​ចំនួន ជន​បរទេស​ទាំង​មកពី​ក្រៅ​ប្រទេស​ទាំង​កំពុង​បម្រើ​ការងារ​នៅ​កម្ពុជា ។​
​គួ​បញ្ជាក់​ផង​ដែរ​ថា អ្នក​មាន​បំណង​ចុះ​ឈ្មោះ​រត់ប្រណាំង​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​មុខ​ព្រះបរមរាជវាំង វេលា​ម៉ោង ៨:០០​នាទី​ព្រឹក ដល់ ៥:០០​នាទី​ល្ងាច ថ្ងៃទី​១៣ និង ១៤​មិថុនា​ការផ្ដល់​អាវ និង លេខ​សម្គាល់​សម្រាប់​រត់​គឺ​ធ្វើ​នៅ​មុខ​ព្រះបរមរាជវាំង​តែម្ដង ។ ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​វិញ្ញាសា​រត់​២១​គីឡូម៉ែត្រ​(​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​)​បុរស​- នារី រត់​ចម្ងាយ ១០​គីឡូម៉ែត្រ​បុរស​-​នារី និង រត់​៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ ឆ្នាំ​នេះ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ទាំងអស់​នៅ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍​ម៉ា​រ៉ា​តុង​អន្តរជាតិ ។

​ក្នុង​ទិវា​នេះ​ដែរ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​បាន​ផ្ដល់​គរុ​សិស្ស​ចំនួន​១០០​នាក់​មក​ធ្វើ​ការងារ​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ព្រឹត្តិការណ៍​នេះ ។ ក្រុមហ៊ុន​ប្រមូល​សម្រាម CINTRY ក៏​បាន​ដាក់​កម្លាំង​សម្អាត​ក្នុង​តំបន់​ប្រារព្ធ​ពិធី​ដើម្បីឲ្យ ទីនោះ​ស្ថិតក្នុង​ភាព​ស្អាត​ជានិច្ច ៕​
Nocc

មតិយោបល់